ទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានចុះផ្សាយថា ការបើកដំណើរការព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដើម្បីតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក នឹងជួយគាំទ្រសេដ្ឋកិច្ចជាតិ ទេសចរណ៍ ធុរកិច្ចសាកល និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការបើកដំណើរការជាផ្លូវការនេះបានធ្វើឡើង បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ២០១៩ លើផ្ទៃដី២.៦០០ហិកតារ ស្ថិតនៅក្រុងតាខ្មៅនិងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងដីខ្លះស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទិសខាងត្បូងនៃទីក្រុងភ្នំពេញ។
ព្រលានយន្តហោះនេះ ត្រូវបានសាងសង់ក្នុងទំហំទឹកប្រាក់ ១.៥០០ លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ខៀវសែ។ ក្នុងនោះទឹកប្រាក់ ១.១០០ លានដុល្លារ គឺរដ្ឋាភិបាលបានខ្ចីពីធនាគារបរទេស និង២៨០លានដុល្លារទៀត ត្រូវបានវិនិយោគដោយក្រុមហ៊ុនលោក ពុង ខៀវសែ។
ព្រលានយន្តហោះនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់រដ្ឋចិន ឆាយណា ខនស្ដ្រាក់សិន ត្សឺដ អ៊ីនជីននៀរីង ប្យ៊ូរ៉ូ គ្រុប (China Construction Third Engineering Bureau Group) និងរចនាប័ទ្មឡើងដោយក្រុមស្ថាបត្យករក្រុមហ៊ុន ហ្វឹស័រ ផាតណ័រ (Foster+Partners) ជាក្រុមហ៊ុនខាងស្ថាបត្យកម្មដ៏ធំបំផុតនៅក្នុងប្រទេសអង់គ្លេស។ ក្រុមហ៊ុននេះបានបង្ហោះលើគេហទំព័ររបស់ខ្លួនថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ត្រូវបានរចនាឡើងដើម្បីបំផុតគំនិតពីអរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក និងដើម្បីផ្ដល់នូវកម្រិតខ្ពស់នៃបទពិសោធន៍ និងស្ដង់ដារថ្មីប្រកបដោយនិរន្តរភាពសម្រាប់អ្នកដំណើរ។
រដ្ឋាភិបាលបានប្រកាសថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ អាចទទួលការចុះចតពីយន្តហោះឆ្លងទ្វីបដឹកអ្នកដំណើរធំបំផុតរបស់ពិភពលោក ដូចជាយន្តហោះប្រភេទ អ៊ែរប៊ឺស អេ៣៨០-៨០០ (Airbus A380-800) និងយន្តហោះប្រភេទ ប៊ូអ៊ីង ៧៤៧-៨០០ (Boeing 747-800) ហើយក្នុងដំណាក់កាលដំបូង អាចទទួលអ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ ហើយនឹងឈានទៅទទួលអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ និងឈានទៅទទួលអ្នកដំណើរ ៥០ លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០៥០។
លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហោះលើហ្វេសប៊ុកថា ក្រោយពីបើកប្រតិបត្តិការនៅថ្ងៃទី០៩ ខែកញ្ញា រដ្ឋាភិបាលនឹងធ្វើពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ខាងមុខ ក្រោមអធិបតីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។